Posts filed under ‘ប្រលោមលោក’

ប្អូនស្រី

ពេលរាត្រីក្នុងភោជនីយដ្ឋានមួយ កណ្តាលទីក្រុងភ្នំពេញ គ្រាន់តែខ្ញុំ និងមិត្តខ្ញុំពីរនាក់ទៀតចូលអង្គុយនៅ តុភ្លាម នារីបម្រើស្រាបៀរស្លៀកសំពត់ខើចខ្លី មកចោមរោមពួកយើងដូចស្រមោចរោម ស្ករ បញ្ចុះបញ្ចូល ប៉ប៉ាច់ប៉ប៉ោចឱ្យហៅ ស្រាបៀរពួកនាងរៀងៗខ្លួន។ ខ្ញុំសែន ជិនឆ្អន់នារីៗទាំងនោះ ព្រោះខ្ញុំមិនដែល ស្ញប់ ស្ញែងឱ្យតម្លៃនារីណាដែលបាត់បង់លក្ខណៈជាខ្មែរនោះទេ។ ជាមួយនឹងស្នូរគោះកែវនៃក្រុមអ្នកផឹក ព្រមទាំង បទចម្រៀង លួចចម្លងពីបរទេស គ្មានតម្លៃធ្វើឱ្យការមកស្គាល់កន្លែងសប្បាយជាលើកទីមួយរបស់ខ្ញុំ តាមការ ទទួចរបស់មិត្តភក្តិ បែរជាមានអារម្មណ៍ធុញថប់ចង់ស្ទុះចេញទៅវិញ ។

មិត្តភក្តិទាំងពីររបស់ខ្ញុំទំនងជាចង់លេងសើចផង ពួកគេចេះតែចង្អុលខ្ញុំប្រាប់នារីទាំងនោះឱ្យខ្ញុំជាអ្នកជ្រើស រើស ស្រាបៀរមកផឹក។ខ្ញុំនៅអង្គុយស្ងៀម ហើយក្នុងចំណោមនារីទាំងនោះ មាននារីម្នាក់ស្លៀកពាក់ឈុត ក្រហមខើចខ្លី ត្រឹមគល់ភ្លៅ មិនសមនឹងភាពរាបសារ វង់ភ័ក្រញញឹមស្ងួត និងសម្តីពិរោះ មិនសូវប៉ប៉ាច់ប៉ប៉ោច របស់នាង ធ្វើឱ្យខ្ញុំចាប់អារម្មណ៍ និងមាន ការពិចារណាអំពីជីវិតរបស់នាង។ លក្ខណៈរបស់នារីនោះមានឬទ្ធិកំចាត់ភាពមាក់ងាយរបស់ខ្ញុំ លើនាងព្រមទាំងនារីដូច នាងដទៃទៀត ហើយ ជំនួស ដោយភាពសង្វេគ។ ខ្ញុំយល់ច្បាស់ណាស់ពីរូបភាពទាំងនេះ មិនមែនបង្ហាញលក្ខណៈជានារីខ្មែរ របស់ ពួកនាងទេ បក្សីថ្លៃថ្នូរអៀនខ្មាសហោះហើរទៅហើយទុកនៅភាពអាម៉ាសឱ្យប្រឹងតស៊ូក្រោមភ្លើងព័ណ៌កំដរ ការមាក់ងាយនៃ ជនគ្មានគុណធម៌ ដើម្បីជីវិតខ្លួនឯងដែលអនាគតបានស្លាប់បាត់ទៅហើយ ព្រមទាំងក្រពះ ដែលកំពុងតែស្រេកឃ្លានជាច្រើនទៀត នៅឯស្រុកកំណើត។

ញុំសម្រេចហៅស្រាបៀររបស់នារីសុភាពមកផឹក ហើយនាងនៅអង្គុយកំដរពួកយើង។ តាមការសាកសួរដេញ ដោល របស់ខ្ញុំជាលើកដំបូងខ្ញុំបានដឹងថា នាងឈ្មោះថាស្រីលក្ខណ៍ នាងពូកែផឹងស្រាបៀរដូចផឹកទឹក គឺតែង លើកកែវផឹកជានិច្ច រាល់ការស្វាគមន៍ពីមិត្តទាំងពីររបស់ខ្ញុំ។ ចំណែកខ្ញុំបន្ទាប់ពីជាតិសុរាចូលពោះបានតែប៉ុន្មានកែវប៉ុណ្ណោះ មានអាការៈធ្ងន់ក្បាល រួចបដិសេដលែងផឹក តទៅទៀត តែមិត្តខ្ញុំនៅតែជម្រុញទោះជាស្រីលក្ខណ៍ជួយនិយាយឱ្យខ្ញុំក៏ដោយ។ ខ្ញុំលួចសរសើរនាងក្នុងចិត្ត ដែលមិនចេះតែជម្រុញភ្ញៀវឱ្យផឹងស្រាបៀររបស់នាងច្រើនឡើយ។ មួយកែវហើយមួយកែវទៀត ទីបំផុតខ្ញុំរក កលចង់ក្អួត ប្រញ្ញាប់រត់ទៅបន្ទប់ទឹកភ្លាម។ខ្ញុំខំប្រឹងក្អួតចេញមកយ៉ាងលំបាកបន្តិចក្រោយមកស្រាប់តែមានប្រអប់ដៃពីរជួយគក់លើខ្នងស្រាលៗឱ្យខ្ញុំ។ ក្អួតហើយខ្ញុំងាកមើលម្ចាស់ជំនួយ គឺស្រីលក្ខណ៍ដ៏សប្បុរស នាងហុចដបទឹកសុទ្ធបើកគម្របរួចជាស្រេចមក ឱ្យខ្ញុំខ្ពុរមាត់។ ការយកចិត្តទុកដាក់របស់នាងចំពោះខ្ញុំបែបនេះ ខ្ញុំគោរពនាងដូចមិត្តស្មោះត្រង់ម្នាក់ ហើយ លើកដៃសំពះថ្លែងអំណរគុណនាង។ ឃើញនាងល្អប្រពៃ ហើយនៅកន្លែងស្ងាត់ងាយស្រួលសន្ទនាគ្នាផង ខ្ញុំឆ្លៀតសួរនាងតាមត្រង់ពីមូលហេតុជីវិតនាង ដែលត្រូវតែរស់ក្នុងសភាពបែបនេះ។សំនួររបស់ខ្ញុំ ដូចជាវិញ្ញា សារដ៏តឹងតែងមួយ ស្រីលក្ខណ៍សម្លឹងមុខខ្ញុំ ទាំងស្រងូតស្រងាត់ ជាងមុន រួចអោនមុខចុះ។ បន្តិចក្រោយមក នាងប្រឹងនិយាយយ៉ាងខ្សោយ៖ “រដូវលំហើយទឹកចាប់ផ្តើមខះរីងស្ងួតពីក្នុងស្រែ មច្ឆាទាំងឡាយប្រឹងននះ ននៀលចេញទៅរកស្រះត្រពាំង ទោះដឹងថាជាការផ្សងព្រេងមួយ ហ៊ឺ…!រឿងជីវិតខ្ញុំវែងឆ្ងាយណាស់ ហើយ គួរឱ្យខ្មាស់អៀនទៀតផង។ សុភាពបុរស…! បងកុំចង់ដឹងអី គ្រាន់តែមានវត្តមាននៅចំពោះមុខបងដ៏ថ្លៃ ថ្នូរនេះ ខ្ញុំខ្មាស់ណាស់ទៅហើយ បើបងនៅតែចង់ដឹងទៀត ដូចឱ្យខ្ញុំសំដែងក្នុងសោកនាដកម្មមួយ…”។ ខ្ញុំពោលៈ “ទោះជានាងមិនប្រាប់ គង់ខ្ញុំអាចកាត់យល់ជាទូទៅបានខ្លះ ជីវិតដូចពួកនាងនេះ ទុកព្រួយធំដាច់ ស្រយាលដូចមហាសាគរ គឺភាពល្វីងជូរចត់បានបឺត យកអស់នូវសំណើចរស់នៅរែកពន់ពលកម្មដើម្បីជាថ្នូរ យកប្រាក់កម្រៃបន្តិចបន្តួចស្តួចស្តើង មិនអាចស្ទួយជីវិតឱ្យរុងរឿងបាន គឺលំបាកនៅតែលំបាកគ្មានថ្ងៃបញ្ចប់ ហ៊ឺ…!ខណៈពួកនាងបញ្ចោញកម្លាំងនៅទីនេះ អ្នកឯទៀតកំពុងតែអានសៀវភៅ គេកំពុងនៅ ជួបជុំក្រុម គ្រួសារយ៉ាងសុខសាន្ត…”។ ខ្ញុំងក់ក្បាលតបសំដែងពីការយល់អារម្មណ៍របស់នាង។យប់នោះតាមសំណូម ពររបស់ខ្ញុំ ស្រីលក្ខណ៍អនុញ្ញាតឱ្យខ្ញុំជូននាងទៅផ្ទះតាមទោចក្រយានមួយ ដោយមិនជិះរថយន្តរបស់ក្រុម ហ៊ុន។ ដើម្បីបង្កើនភាពស្និតស្នាល ខ្ញុំឆ្លៀតនាំនាងទៅហូបបបរសរជាមួយគ្នា។ ហូបរួចនាងប្រាប់អ្នកលក់ខ្ចប់ បបរមួយថង់ ហើយប្រាប់ខ្ញុំថាយកទៅផ្ញើមិត្តនាង នៅឯផ្ទះ។

ផ្ទះស្រីលក្ខណ៍នៅជាប់ផ្លូវតូចមួយម្តុំទួលទំពូង។ពេលទៅដល់នាងលូកដៃតាមចន្លោះប្រហោងតូចមួយ ទាញ គន្លឹះបើកទ្វារចូលទៅខាងក្នុង។ បើកភ្លើងរួចនាងអញ្ជើញខ្ញុំចូលក្នុងផ្ទះដោយយកកៅអីមួយមកដាក់ឱ្យ អង្គុយ។បន្ទប់ដ៏តូច នោះគ្មានឃើញរបស់របរអ្វីច្រើនទេ ឃើញតែស្ត្រីម្នាក់ដេកឃ្លុំភួយក្នុងសភាពដូចជាអ្នក ជំងឺ។ ស្រីលក្ខណ៍យកថង់បបរ ចាក់ដាក់ចាន រួចកាន់ដើរទៅជិតស្ត្រីម្នាក់នោះដាស់ឱ្យកម្រើក លក្ខណ៍ដាក់ ចានចុះ ហើយប្រឹងជួយលើករូបកាយស្ត្រីទារុណ ឱ្យងើបឱ្យអង្គុយ ខ្ញុំទាញកៅអីទៅដាក់អង្គុយជិតនារីទាំងពីរ។ខ្ញុំមើលឃើញច្បាស់ស្ត្រីទុរន់ទុរាម្នាក់នោះមានវ័យប្រហាក់ ប្រហែលស្រីលក្ខណ៍ដែ ទម្រង់មុខមាត់ស្អាតបាន តែចុះស្គមណាស់ទៅហើយ។ ស្រីលក្ខណ៍ពោលប្រាប់ខ្ញុំៈ “នាងឈ្មោះនីកាជាមិត្តរបស់ខ្ញុ់ំ” ខ្ញុំងក់ក្បាលទាំងខំសម្លឹងអ្នកជំងឺដោយក្តីសង្វេគ លក្ខណ៍យកចិត្តទុកដាក់ បញ្ចុកបបរមិត្តសំណព្វ មើលទៅដូចជាបញ្ចុកដុំល្វីង ហើយបានបែប៉ុន្មានម៉ាត់ប៉ុណ្ណោៈ នាងគ្រវីក្បាលឈប់ ហូប ។ លក្ខណ៍ងើបទៅចាក់ទឹកមកឱ្យមិត្តនាងក្រេបបន្តិច រួចជួយ ផ្តេកខ្លួននាងទៅលើគ្រែវិញ។ នារីទារុណ បិទភ្នែកសំងំគេងយ៉ាងស្រងូត មិនរវល់ស្វាគមន៍ភ្ញៀវបន្តិចឡើយ។

លក្ខណ៍ច្របាច់ជើងមិត្តបណ្តើរ ពោលប្រាប់ខ្ញុំបណ្តើរៈ “មិត្តកំសត់របស់ខ្ញុំធ្លាក់ខ្លួនដេកជាប់កន្ទេលបែបនេះ បីបួនខែ មកហើយ! ពីមុននាងផូរផង់ដូចបុប្ផា ហើយកន្លង់ទាំងឡាយរុករានទន្ទ្រានក្រេបលំអងរបស់នាង យ៉ាងសប្បាយ គេអាចក្រេបបាន គ្រប់ពេលដែលគេចង់ ដោយគ្រាន់តែផ្តល់ប្រាក់បន្តិចបន្តួច។ ពេលនេះនាងដូចជានារីគម្លង់ទៅហើយ គ្មាននរណា មកក្បែរនាង ទៀតទេ សូម្បីតែការដាក់ទានមួយកាក់ មួយសេនក្នុងន័យសប្បុរសក៏គ្មាន! នាងដូចរុក្ខជាតិមួយដើមត្រដររស់កណ្តាលទីវាល ក្តៅប្រេះបែកក្រហែង ស្រពោនទៅៗ នាងត្រដររស់ទាំងគ្មានថ្នាំសង្កូវ នាងមានដង្ហើមអាចដកបានអាស្រ័យ ដោយការផ្គត់ផ្គង់ចំណី អាហារបន្តិចបន្តួចស្ទើរអត់ពីខ្ញុំ! សែនខ្លោចផ្សាថ្ងៃខ្លះខ្ញុំរកប្រាក់មិនបាន យើងទាំងពីរនាក់ស្ទើរដាច់ ពោះស្លាប់…!”

នីកាដែលប្រឹងដកដង្ហើមយ៉ាងលំបាកខំពោលខ្សាវៗ ៖ “មិត្តដ៏ស្មោះត្រង់ ម៉េចក៏ចាំបាច់ត្រូវបរិយាយ! ពួក យើងដូចជាម្លប់ឈើមួយ កាលណាគេជ្រកត្រជាក់កាយហើយ គេនឹងចាកចេញទៅបាត់គ្មានន័យទេ នរណា ក៏ដូចជានរណារ…”។ ឮសំដីនេះ លក្ខណ៍ ងាកមកសម្លឹងមុខខ្ញុំ ចង់ដឹងពីប្រតិកម្ម តែខ្ញុំនៅតែរក្សាទឹកមុខ ដដែល។ លក្ខណ៍ខំនិយាយការពារខ្ញុំ៖ “នីកា ថ្វីត្បិត តែខ្ញុំ ទើបនឹង ស្គាល់គាត់ក្នុងរាត្រីនេះមែន តែគាត់មាននិស្ស័យល្អដូចបងប្រុសម្នាក់ មានមនោសញ្ចោតនាដូចសិល្បករគាត់គួរឱ្យរាប់អាន ណាស់”។ ខ្ញុំហួសចិត្តចំពោះសំដីយល់ច្រឡំរបស់នីកាមកលើខ្ញុំបែបនេះ តែខ្ញុំមិនខឹងនាងទេ ខ្ញុំយល់ពីអារម្មណ៍របស់នាង ដែលធ្លាប់ឆ្លងកាត ប់ទពិសោធន៍កន្លងមក។ ខ្ញុំនិយាយទៅកាន់លក្ខណ៍ ៖ “ម៉េចក៏មិនជួយនាំយកនាងទៅមន្ទីរពេទ្យក្រែងបានធូរ ស្រាលខ្លះ ! ”។ លក្ខណ៍តប ៖ “ទៅមន្ទីរពេទ្យ…! តើស្មានថាគ្រូពេទ្យចិត្តសប្បុរសណាស់ទៅឬ ចំពោះអ្នកជំងឺទុរគតបែបនេះ! តើគេមានថ្នាំឯណា មានពេលវេលាឯណាដើម្បីផ្តាច់ចេញពីអ្នកមានប្រាក់ ផ្តល់ឱ្យយើងនោះ! មិត្តខ្ញុំក៏យល់ដូច្នេះហើយនាងសុខ ចិត្តទ្រាំរស តា់មពេល វេលាដែលផ្តល់ឱ្យ!”

យើងស្ថិតនៅសភាពស្ងប់ស្ងាត់យ៉ាងយូរព្រោះការលើកឡើងរបស់លក្ខណ៍ត្រឹមត្រូវណាស់ នៅក្នុងសង្គម យកប្រាក់ជាធំនេះ ហើយយើងពិតជាគ្មានមធ្យោបាយដោះស្រាយក្រៅពីដកដង្ហើមធំឡើយ។

យប់កាន់តែជ្រៅចង់ដឹងពីប្រតិកម្មរបស់លក្ខណ៍ខ្ញុំនិយាយទៅកាន់នាង៖ “យប់នេះខ្ញុំមិនត្រឡប់ទៅផ្ទះវិញទេ ខ្ញុំចង់ឱ្យលក្ខណ៍កំដរខ្ញុំ តើលក្ខណ៍យល់ព្រមទេ?”។ លក្ខណ៍ងក់ក្បាលដោយគ្មានអល់អែក ហើយពោលៈ “ខ្ញុំក៏ដឹងថាបងត្រូវការ បែបនេះដែរ វាជារៀងធម្មតា!”។ លក្ខណ៍រៀបចំគ្រែមួយនៅជិតគ្រែមិត្តរបស់នាង ដោយគ្រាន់តែបាំងបិទ ដោយវាំងនន សម្រាប់ បម្រើសេចក្តីត្រូវការរបស់ខ្ញុំ ។ ក្នុងបន្ទប់ដែលឮតែសម្លេង ថ្ងូរគួរឱ្យស្រណោះ ខ្ញុំដេកជិតស្រីលក្ខណ៍ទាំងសោះអង្គើយ។បើគ្មានវត្តមានរបស់ខ្ញុ់ម៉្លេំសះមលក្ខណ៍គេងនៅ ជិតមិត្តរបស់នាងចាំមើលថែ និងផ្តល់ភាពកក់ក្តៅ តែដើម្បីប្រាក់ពីការដោះដូរ ខ្លួនប្រាណនាងត្រូវបង្ខំចិត្តនៅ បម្រើខ្ញុំ ទោះបីជាល្វតល្វើយ។

ខ្ញុំមិនអស់ចិត្តសោះ បើខ្ញុំមិនបានដឹងខ្លះៗអំពីជីវប្រវត្តិរបស់នារីក្មេងម្នាក់នេះ ដែលគួរតែស្ថិតនៅក្នុងការ ឃុំគ្រង យ៉ាងប្រពៃពីឪពុកម្តាយ ។ ខ្ញុំព្យាយាមលួងលោមឱ្យនាងនិយាយប្រាប់។

ទំនងជាមានការទុកចិត្តខ្ញុំដូចមិត្តរួមថ្នាក់ម្នាក់ នាងនិទានក្នុងសម្លេងលន្លង់លន្លោច៖ “មុនយប់នេះ មុនពេល ជីវិត អណ្តែតត្រសែតក្នុងទីក្រុងប្រមាណមួយឆ្នាំនេះ ខ្ញុំមានក្រុមគ្រួសារមួយនៅខេត្តបាត់ដំបង!។ ថ្វីបើឪពុកម្តាយខ្ញុំជាកសិករ តែមាន ជីវភាពសមល្មមអាចផ្គត់ផ្គង់ខ្ញុំ និងប្អូនប្រុសពីរនាក់ទៀតចូលសាលា ព្រមទាំងរស់យ៉ាងសុខសាន្ត ។ ប៉ុន្តែសុភមង្គល បាន ឈានដល់វ័យជរា ហើយបានធ្វើមរណកាលទៅដោយគ្មានស្រណោះ គឺឪពុកខ្ញុំដកហូតសេចក្តីស្រលាញ់ពីអ្នកម្តាយ និងខ្ញុំ ជាកូនៗ ទៅមានស្រីថ្មី! គាត់រករឿងវាយតប់អ្នកម្តាយខ្ញុំស្ទើរជារៀងរាល់ថ្ងៃ ។ ទីបំផុតគាត់បង្ខំឱ្យអ្នកម្តាយខ្ញុំលក់ផ្ទះ និងទ្រព្យទាំង ប៉ុន្មានចែកគ្នាដើម្បីគាត់ចាកចោលពួកយើងទៅរស់នៅជាស្រីថ្មីនោះ” ។ ដល់ត្រឹមនេះនារីកំព្រាះខ្សឹកខ្សួលតែមិនឱ្យឮខ្លាំងទេ ។ បន្តិចមកនាងប្រែប្រាណដាក់កេសាកើយលើទ្រូងខ្ញុំ រួចពោលបន្ត ៖ “ក្នុងភាពជាស្ត្រីមេម៉ាយ អ្នកម៉ែបានប្រមែប្រមូល ធនធាននៅសល់បន្តិចបន្តួច សង់ខ្ទមតូចមួយួគ្រាន់ជ្រកកោន ។ ដោយគ្រាំគ្រាទាំងផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្មានខែក្រោយមក អ្នកម៉ែ ធ្លាក់ខ្លួនឈឺធ្ងន់ ។ ខ្ញុំ និងប្អូនៗលំបាកសែនលំបាកគ្មានប្រាក់ព្យាបាលអ្នកម៉ែផង គ្មានប្រាក់ទៅសាលាផង! ភាពទ័លក្រ បានគម្រាមខ្ញុំ និងប្អូនបន្ទាប់ឱ្យឈប់រៀន ហើយគេសម្រេចចិត្តទៅបួសយកព្រះធ័ម៌ជាប្រទីបយក កុដវិហារធ្វើលំនៅ…” ។ ខ្ញុំសួរ៖ “ចុះលក្ខណ៍ឈប់រៀនត្រឹមថ្នាក់ទីប៉ុន្មាន ហើយធ្វើអ្វីទៀត ?” ។ លក្ខណ៍ ដង្ហក់យំ រួចឆ្លើយ៖ “ខ្ញុំបានបោះបង់ចោល ការសិក្សាកណ្តាលទីជនគំលានបង្ខំចិត្តលួចបាយកកមួយដុំ ឆ្កែទាល់ច្រកបង្ខំចិត្តខាំម្ចាស់ ខ្ញុំចង់ឱ្យអ្នកម្តាយរស់ បង្ខំចិត្ត លក់ព្រហ្មចារី ទោះបីជាត្រូវគេកេងប្រវ័ញ្ចយក ប្រាក់ជាងពាក់កណ្តាលក្តី! ទំនៀមទំលាប់ រួមទាំងជនមានសុភមង្គល និងសេចក្តី ថ្លៃថ្នូរទាំងឡាយមុខជា ជេរស្តី និងដាក់ទោសខ្ញុំទៅក្នុងគុកអាម៉ាស់ ប៉ុន្តែខ្ញុំធ្វើបែបណា អ្នកណាជួយខ្ញុំបាន ខ្ញុំធ្វើទាំងបង្ខំ ប៉ុណ្ណោះ ។ ទោះជាយ៉ាងណាប្រាក់នោះនៅតែមិនអាចជួយអ្នកម្តាយខ្ញុំបាន ទីបំផុតគាត់បិទភ្នែកជានិរន្តរ៍ ខ្ញុំប្រឹង ត្រដររស់ តទៅទៀត រហូតដល់ពេលនេះ ដើម្បីប្អូនប្រុសពៅបានបន្តការសិក្សាដើម្បីមិត្តដ៏កំសត់កម្ររម្នាក់ នេះ។ ថ្ងៃលិចរាត្រីរនោចជីវិតដូចខ្សែ ទឹកហូរ…” នាងយំរន្ថើនឡើង ។ វិយោគកថានេះធ្វើឱ្យចិត្តខ្ញុំ កាន់តែខ្លោចផ្សាអាណិតស្រណោះលក្ខណ៍ទទួលអារម្មណ៍ដូចជាកំពុងចូលរួមក្នុងពិធីបុណ្យសពមួយួ ។ ខ្ញុំចាប់លើកប្រាណនាងផ្តេកទៅលើគ្រែវិញ ហើយរំកិលច្រមុះទៅថើបផ្តិតសំអាតទឹកភ្នែកនាង ដើម្បីរំលែកទុក ដោយគ្មានអារម្មណ៍ ស្រៀវស្រើបក្នុងផ្លូវតណ្ហាអ្វីឡើយ ។

លក្ខណ៍គិតថាខ្ញុំចាប់ផ្តើមភ្លើតភ្លើន នាងទាញយកស្រោមអនាម័យពីក្រោមក្នើយមកឱ្យខ្ញុំ ។ ខ្ញុំគ្រវីក្បាល ពោល៖ “ស្តាប់រឿងកំសត់របស់ប្អូន ខ្ញុំអាណិតខ្លោចចិត្តហើយក្តីអាណិតនេះ បានសម្រន់តណ្ហារបស់ខ្ញុំអស់ ទៅហើយ! ព្រះសង្ឃមួយអង្គ មិនមើលឃើញនារីស្រស់សោភាម្នាក់ ក្នុងផ្លូវស្រើបស្រាលទេ ។ ទំនាក់ទំនង រវាងបុរសម្នាក់ និងនារីម្នាក់មិនសំដៅ តែលើ ផ្លូវកាម តណ្ហានោះឡើយ! គេអាចគោរពគ្នាត្រឹមជាមិត្តម្នាក់ ឬជាភាតរភាព ។ ខ្ញុំមិនរួមដំណេកតែខ្ញុំសូមរំលែកទុក្ខ…” ។ នារីគួរឱ្យ អាណិតលើកដៃសំពះតបស្នងទឹក ចិត្តរបស់ខ្ញុំ។

ព្រឹកឡើងមុនចាកចេញទៅវិញ ខ្ញុំបានផ្តល់ប្រាក់កាសមួយចំនួនឱ្យលក្ខណ៍ ដោយផ្តាំផ្ញើនាងឱ្យទិញ ថ្នាំ ព្រមទាំងនំចំណី ជូនមិត្តរបស់នាង ហើយខ្ញុំសន្យាឧស្សាហ៍ចេញចូលទីនេះ។តាំងពីនោះមក ខ្ញុំតែងតែ ចេញចូលសួរសុខទុកនារីអភ័ព្វទាំងពីរជាញឹកញាប់។ លើកណា ក៏ដូចជាលើកណាដែរ ខ្ញុំមិន ភ្លេចទិញក្រូច និងចំណីអាហារដែលនីកាអាចហូបបាន រួមទាំងថ្នាំសង្កូវផ្ញើនាង ។ ពេលខ្លះខ្ញុំផ្តល់ប្រាក់កាសមួយចំនួនឱ្យ លក្ខណ៍គ្រាន់សម្រាលការលំបាក ។ លើសពីនេះទៅទៀត នៅពេលទំនេរខ្ញុំបានបបួលលក្ខណ៍ទៅមើលកុន ឬទៅលំហែរ នៅមាត់ទន្លេដើម្បីឱ្យនាងកម្សាន្តអារម្មណ៍ខ្លះ ហើយមានកម្លាំងចិត្តប្រឹងតស៊ូរស់តទៅទៀត។

ឃើញខ្ញុំសាងល្អទៅលើពួកនាងបែបនោះទស្សនៈរបស់នីកាប្រែប្រួល ។ ថ្ងៃមួយនាងបានសម្លឹងមកខ្ញុំក្នុង ពន្លឺកែវភ្នែក ស្រទន់ជាន័យថ្លែងសារភាពកំហុស ដែលយល់ខុសមកលើខ្ញុំពីពេលមុន។ ដៃទាំងគូដ៏ខ្សោយ របស់នាងប្រឹងលើកសំពះខ្ញុំ ទាំងញ័រទទ្រើតថ្លែងអំណរគុណ៖ “ពិរុណបុរសដ៏ស្លូតសប្បុរស! មេត្តាឱ្យនារី ម្នាក់ដែលពុលដោយថ្នាំពុលខ្វះគុណធ័ម៌ របស់បុរស មួយចំនួន សូមទោសដែលពីមុន បានបូករួមទាំងរូបបង ផងនោះ! ការពិតបេះដូងត្រជាក់ដូចទឹកភ្លៀងធ្លាក់ស្រោចស្រព រដូវប្រាំង មានមេត្តាដូចជនចេះដឹងជ្រៅជ្រះ ធ័ម៌ព្រះពុទ្ធ! ” ។ ខ្ញុំចាប់ប្រអប់ដៃទាំងពីររបស់នាងមកច្របាច់ឈ្លីទាំងញញឹមស្រស់ស្រាយ បញ្ជាក់នូវការ​អធ្យាស្រ័យ។ខណៈនោះខ្ញុំចង់ដឹងពីប្រវត្តិអតីតកាលរបស់នាង ដូចមនុស្សមកពីហេវហត់ស្រេកទឹកត្រជាក់​មួយកែវ ។ នៅពេលខ្ញុំ សួរចង់ដឹងបែបនេះ នាងសម្លឹងមុខមិត្តរបស់នាង សម្លឹងខ្ញុំរួចប្រែជាស្រងូតស្រងាត់​យ៉ាងខ្លាំងហាក់មិនចង់រំឮកឡើង ទំនង អតីតកាលដូចជាព្រះអគ្គី ដែលកាលណាទំលាយចេញនឹងដុតរោល ក្តីទុក្ខកង្វល់របស់នាងកាន់តែខ្លាំង ។ ប៉ុន្តែនាងក៏មិនចង់លាក់ បាំងមនុស្សដែលនាងរាប់អានម្នាក់នេះដែរ ។

នាងនិទាន៖ “នៅវ័យដប់ប្រាំបីឆ្នាំ គឺកាលពីបួនឆ្នាំមុន ខ្ញុំជាក្មេងកំព្រាម្នាក់ រស់ក្នុងបន្ទុកជីដូនចាស់នៅ ខេត្តកំពង់ចាម។ ពេលនោះមានអ្នកភូមិម្នាក់ចូលស្តីដណ្តឹងខ្ញុំ លោកយាយក៏រៀបចំទុក្ខដាក់ឱ្យខ្ញុំមានប្តីទៅ! ប៉ុន្តែអាពាហ៍ពិពាហ៍ ដែលរំពឹងថា នឹងធ្វើឱ្យជ្វីវិតមានរស្មីនោះ គ្រាន់តែស្ថិតក្នុងុក្តីស្រមៃមួយប៉ុណ្ណោះ គឺអាពាហ៍ពិពាហ៍នោះបានបង្ហូរទឹកភ្នែកខ្ញុំរាល់ថ្ងៃ ដូចមេឃ បង្អុរភ្លៀងក្នុងរដូវវស្សា ” ។ នាងប្រែខ្សឹកខ្សួល ហើយប្រឹងនិទានបន្ត ៖ “នៅពេលខ្ញុំមានផ្ទៃពោះប្រាំខែ ប្តីខ្ញុំបានបង្ហាញ សារជាតិរបស់គេជាជនប្រមឹកម្នាក់ ។ គេផឹកស្រវឹងខួបពេលខ្លះមកដល់ផ្ទះយប់អធ្រាត្រ ខ្ញុំខំផ្គាប់ផ្គុនរៀបចំបាយទឹកជូនគេ តែគេបែរជាបោកចាន បោកឆ្នាំង ព្រោះតែគ្មានម្ហូបឆ្ងាញ់ឱ្យគេពិសា ព្រមទាំងទះតប់ខ្ញុំផង។ មានពេលខ្លះទៀតពេលខ្ញុំមិនមាន ប្រាក់ឱ្យគេទៅផឹកស៊ី គេវាយវាត់គ្មានប្រណីដៃ ឯខ្ញុំបានត្រឹមតែទួញយំប៉ុណ្ណោះ ។ អ្វីដែលខ្ញុំឈឺចាប់បំផុត នៅរាត្រីដែលខ្ញុំ ឈឺពោះឆ្លងទន្លេ ជីដូនខ្ញុំប្រាប់គេឱ្យទៅតាមឆ្មប គេបែរជាគំហ៊កឱ្យលោកយាយទៅដោយ ខ្លួនឯង រួចគេគេចចេញពីផ្ទះបាត់ទៅ ។ ជីដូនរបស់ខ្ញុំនៅតែម្នាក់ឯងឆ្លេឆ្លា រួចសម្រេចទុកខ្ញុំននៅតែឯង រត់ ទៅហៅឆ្មប ។ ក្រោយពេលសម្រាលកូនរួចរឹងដៃរឹងជើង ដោយអត់ទ្រាំលែងបាននឹងការរស់នៅជាមួយប្តីគ្មាន គុណធ័ម៌បែបនេះ ខ្ញុំសម្រេចចិត្តសុំគេលែងលះ ហើយទីបំផុតគេក៏យល់ព្រម ដូចជួយសង្គ្រោះខ្ញុំឱ្យចេញផុត ពីការជាប់ក្នុងអាគារដែលកំពុងរងអគ្គីភ័យមួយ ” ។ ដល់ត្រឹមនេះនីកាយំដូចកូនក្មេង មួយសន្ទុះមក នាងបង្អន់ កំសួល ហើយពោលបន្ត៖ “ពេលនោះជីវភាពរបស់ខ្ញុំដែលលំបាក់ស្រាប់នោះ គឺកាន់តែលំបាកលំបិនខ្លាំង ឡើង ព្រោះមានកូនប្រុសមួយដែលត្រូវរ៉ាបរង តែគេដូចជាវាលទំនាបមួយ ដែលកើតមកជួយសម្រាលជំនន់ ទុក្ខនៃទន្លេរបស់ម្តាយ ។ រហូតដល់កូនអាយុបានមួយឆ្នាំ ដោយភាពទីទ័លកាន់តែមានទំហំធំឡើង ម៉្យាងខូច ចិត្តនឹងជីវិតដែលខ្ទេចខ្ទាំផង ខ្ញុំបានសម្រេច កាត់ចិត្តចាកចោលទុកឱ្យនៅជាមួយជីដូនមកផ្សងព្រេងរក ការងារធ្វើនៅទីក្រុង ។ ចាត់ជាសំណាងបន្តិចដែរ ខ្ញុំបានជួបអ្នក មកពីស្រុកជាមួយគ្នាម្នាក់ គេជួយនាំទៅធ្វើ ជានារីបម្រើស្រាបៀរ។ ក្នុងរបរនេះមិនប្រសើរប៉ុន្មានទេ ការខ្វះខាតនៅតែកើតមាន ដដែលហើយដោយ ចៀសមិនផុត ខ្ញុំត្រូវបង្ខំចិត្តរកលុយក្រៅថែមទៀត តាមរយៈលក់សាច់លក់ឈាម ។ ទេវតាលោកអើយ! ធ្វើ បែបនេះ ខ្ញុំខ្មាសខ្លួនឯងណាស់! ខ្មាសសង្គមមនុស្សណាស់! តែខ្ញុំគ្មានជម្រើសទេ ពេលខ្លះឈឺចាប់ពេក ខ្ញុំស្ទើរតែសម្លាប់ខ្លួន គេនាំខ្ញុំទៅរំលោភគ្នាបួនដប់នាក់ដូចជាសត្វធាតុ! ។ ហ៊ឺ…!ខ្ញុំរងទុព្វលភាពប៉ុន្មានខែ មកនេះ ម៉្លេះកូនខ្ញុំដាច់ពោះស្លាប់បាត់ ទៅហើយ! ម្តាយនិងកូនគ្មានដំណឹងពីគ្នាដូចទិវានិងរាត្រីតើម្តាយ ណាដែលមិនគិតពីកូន មិននឹកកូន! តែធ្វើម្តេចទៅបើជីវិត ម្តាយម្នាក់នេះ រស់ដូចជាស្លាប់ នៅមានដង្ហើម ដ៏តិចតួចនេះ អាស្រ័យដោយការបេះបោចពីមាត់ពីកររបស់មិត្តដ៏សប្បុរសម្នាក់ ឱជីវិត!…” ។ រួចនាងទួញ យំខ្លាំងឡើង។

ស្រីលក្ខណ៍រំភើបពេកស្រវាអោមមិត្តយំខ្សឹកខ្សួលជាមួយគ្នា ។ ចំណែកខ្ញុំខ្លោចផ្សាស្ទើរខ្លោចបេះដូង ខ្ញុំស្ទើរតែទប់ទឹក ភ្នែកមិនបានដែរ ។ ខ្ញុំលានាងទាំងពីរចេញទៅវិញ ដើម្បីបន្ធូរបន្ថយបរិយាកាសស្រងេះ ស្រងោច។

បានស្គាល់ជីវិតកំសត់ពីរនេះ ក្តីអាណិតផ្សារភ្ជាប់ជីវិតខ្ញុំទៅនឹងជីវិតពួកនាងមិនអាចកាត់ផ្តាច់បាន ដូចមិន អាច កាត់ផ្តាច់ ពីគ្រួសាររបស់ខ្លួនដូច្នោះដែរ។ ប៉ុន្មានថ្ងៃក្រោយមកខ្ញុំបាននិមន្តព្រះសង្ឃមួយអង្គទៅស្រោចទឹកមន្តឱ្យពួកនាង។ ខ្ញុំគិតថា ធ្វើដូច្នេះដើម្បីឱ្យ ពួកនាងរីករាយ និងមានសិរីសួស្តី។ ពិតណាស់ក្រោយពីព្រះសង្ឃប្រោះព្រំឱ្យពួកនាងហើយ លក្ខណ៍ថ្វីបើ ទឹកមុខបៀមព្រួយ ឯនីកាថ្វីដ្បិតទឹកមុខស្លឺតស្លក់ដោយជំងឺ តែមើលទៅស្រស់ស្រាយភ្លឺថ្លាជាងមុន។ នីកាពោល៖ “បងប្រុស ថ្ងៃនេះជីវិតពួកយើងដូចជាផ្កាឈូករីកប្រផូរកណ្តាលស្រះថ្លាឈ្វេង មានក្តីសុខដូច ព្រះសង្ឃ ” ។ យើងទាំងបីផ្ទុះសំណើចព្រមគ្នា ។ ថ្ងៃនោះឬទ្ធានុភាពនៃព្រធ័ម៌ និងទឹកមន្តបានរំលាយទុក្ខព្រួយ ពីពួកយើងមួយគ្រា ។

អ្នកផងទោះស្លូតត្រឹមត្រូវយ៉ាងណាគង់មានពេលប្រែប្រួឡសោតឯ ព្រះវេស្សន្តរគង់អីកើតចិត្តទោសៈ នៅ ពេលឃើញ ព្រាហ្មណ៍ជូរជក់វាយវាត់បុត្រខ្លួនទាំងពីរ ។ ចំណែកខ្ញុំដែលធ្លាប់តែអាណិតអាសូរស្រីលក្ខណ៍ គង់ខឹងច្រលោតនាងយ៉ាងខ្លាំង។ រាត្រីមួយនោះខ្ញុំមកចូលរួមពីធីជប់លៀងមង្គលការមិត្តភក្តិយប់បន្តិចទៅហើយ ឆ្លៀតចូលកន្លែងនាងធ្វើការ ក្នុងបំណងរង់ចាំឌុប នាងទៅផ្ទះ។ ខ្ញុំចតទោចក្រយានយន្តជិតមាត់ច្រកឈររង់ចាំនាងផ្ទៀង នាឡិកាមើល ទៅនៅសល់ប្រមាណដប់នាទីទៀត ប៉ុណ្ណោះដល់ម៉ោងនាងចេញហើយ។ បន្តិចមក ស្រាប់តែឃើញនាង បណ្តើរបុរសវ័យចំណាស់ម្នាក់យ៉ាស្និតស្នាលចេញមក រួច ឡើងជិះរថយន្តចេញទៅ ។ នាងមិនបានឃើញ ខ្ញុំទេ ខ្ញុំឈរ ខាំមាត់ក្តៅក្នុងចិត្តដូចទឹកពុះ។ ខ្ញុំស្អប់នាងដែលគ្មានភាពថ្លៃថ្នូរ ខ្ញុំតាំងចិត្តឈប់រវល់ជាមួយនាង ជារៀងរហូត។ មួយយប់រំលងទៅព្រឹកឡើងស្រាប់តែភាពលង់លក់បោសសំអាតភាពហ្មងសៅចេញអស់ពីក្នុងខួរក្បាលខ្ញុំ ។ ខ្ញុំអង្គុយ ត្របោមក្បាលជង្គង់សញ្ជឹងគិតសតិសម្បជញ្ញៈស្តីបន្ទោសខ្ញុំ ដូចគ្រូបង្រៀនម្នាក់ស្តីបន្ទោសសិស្ស ដែលមិនយល់នូវមេរៀន ដ៏ សាមញ្ញមួយ។ ការពិតរូបភាពរបស់លក្ខណ៍កាលពីយប់ គឺជាខ្សែរឿងជីវិតពិត មួយដែលនាងត្រូវតែសំដែងដដែលៗ ដើម្បី រស់នៅកំដរទុក្ខព្រួយ ហើយខ្ញុំក៏យល់តាំងពីមុនមក។ ខ្ញុំស្រមៃ ដ៏រំភើបដល់ទំនាក់ទំនងក្នុងន័យសប្បុរសធ័ម៌ជាមួយនាង ហើយ កាន់តែអាណិតនាង។

ពេលវេលាអូសជើងដើរទៅមុខយ៉ាងយឺត ព្រោះនៅខាងក្រោយបានសណ្តោងទាំងទុក្ខព្រួយរបស់លក្ខណ៍ និងនីកា ទៅផង។ រសៀលមួយនោះ ពេលកំពុងធ្វើការ ខ្ញុំទទួលទូរស័ព្ទពីលក្ខណ៍ក្នុងសម្លេងខ្សឹកខ្សួលប្រាប់ ពីដំណឹងមរណភាពរបស់នីកា ។ ខ្ញុំក្តុកក្តួលវិយោគខ្លោចផ្សាភ្លាម ខណៈទៅដល់ឃើញលក្ខណ៍កំពុងអោប សពមិត្តយំខ្សឹកខ្សួល ។ ទីនោះកាន់តែអណោច អាធ័មដោយគ្មានញ្ញាតិមិត្តចូលរួម គឺមានតែខ្ញុំ និងលក្ខណ៍ទេ ជាភ្ញៀវពិសេសបំផុតរបស់នារីកំសត់ ដែលសម្រាកលង់លក់ ស្កប់ ស្កល់គ្មានថ្ងៃភ្ញាក់ក្នុងសយនាមរណៈ។ខ្ញុំចាត់ចែងនាំយកសពប្អូនស្រីអភ័ព្វទៅបូជានៅវត្តព្រះពុទ្ធ ។មានតែព្រះសង្ឃមួយអង្គ អាចារ្យពីររូប និងភ្លុក ពីរនាក់ប៉ុណ្ណោះនៅក្នុងពិធីដ៏សោកសៅនោះ ។ លក្ខណ៍យំស្រណោះស្តាយមិត្តឡើងក្រហមភ្នែក ឯខ្ញុំក៏បាត់ បង់អស់ ភារៈជាអ្នកលួងលោម ហើយយំដូចនាងដែរ។ ពេលពិធីចប់រួចរាល់ហើយ ព្រះសង្ឃ តាអាចារ្យ និងអ្នកភ្លុកចេញអស់ទៅ លក្ខណ៍ឈរក្តោប កញ្ចប់ធាតុមិត្តសម្លឹងឥតប៉ព្រិចភ្នែក បណ្តាលឱ្យទឹកភ្នែកស្រក់ ធ្លាក់លើ ហាក់ដូចជាចង់ប្រស់មិត្តឱ្យរស់ឡើងវិញ ។ ខ្ញុំឃើញជីវិតនាង ពេលនេះកាន់តែល្ហល្ហេវ ត្រមង់ ត្រមោចជាងមុន ។ ខ្ញុំស្រណោះវិយោគជីវិតប្អូនស្រីផង ស្រណោះអាណិជីវិតលក្ខណ៍ដែលរស់ក្នុងភាព អន្ធការផង បេះដូងខ្លោចផ្សា ដូចមេឃខ្មៅរកកល់ភ្លៀង។ ខ្ញុំងាកខ្លួនឈរទល់មុខលក្ខណ៍ប្រឹងញញឹមទាំងទឹកភ្នែកហូរ ពោលមួយៗទៅកាន់នាង៖ “ លក្ខណ៍ពីថ្ងៃនេះ ទៅ បងចង់រកត្រើយឱ្យប្អូន! បងសូមផ្សារសាច់ភ្ជាប់ឈាម យកប្អូនធ្វើជាប្អូនស្រីរបស់បង ។ មនុស្សយើង មិនមែនទាល់តែកើតចេញពីផ្ទៃម្តាយតែមួយ ទើបជាបងប្អូនបង្កើតនឹងគ្នានោះទេ អ្នកដទៃសុទ្ធសាធ ក៏អាច យកគ្នាជាបង ប្អូនបង្កើតនឹងគ្នាបានដែរ ប្អូនត្រូវទៅនៅផ្ទះជាមួយបង បងនឹងឱ្យប្អូនចូលសាលាវិញ វាមិនទាន់ ហួសពេលទេ ព្រមទាំងរ៉ាប់រង គ្រប់បែបយ៉ាង ក្នុងនាមជាបងប្រុសម្នាក់!”

ឮគំនិតចំឡែកនេះ លក្ខណ៍ភ្ញាក់ផ្អើលឧទាន៖ “ផែនដីនេះធ្ងន់ណាស់ គឺធ្ងន់ដោយទំងន់ទុក្ខព្រួយ បងមិនអាច ទូលរួចទេ ! ប្អូនសូមអរគុណបងជាអនេក តែប្អូនចង់រស់នៅតាមដែលអាចរស់បានរហូតដល់ដង្ហើមចុង ក្រោយប្អូន ប្អូនមិនចង់ឱ្យបងលំបាក ដោយសារប្អូនដល់ថ្នាក់នេះទេ! លះបង់គំនិតនេះទៅ គ្រាន់តែបង ស្រឡាញ់រាប់អានប្អូនប៉ុណ្ណឹង ប្អូនអរគុណណាស់ទៅហើយ…”។ ខ្ញុំព្យាយាមបញ្ចុះបញ្ចូលនាង ៖ “ឥសីណា មិនប្រស់ជីវិតជនស្លូតត្រង់ស្លាប់ដោយជនពាល បក្សីណាហើរចោលកូនក្នុងសំបុក! បានស្គាល់រូបប្អូន បងមាននិស្ស័យអាណិតដូចប្អូនស្រីបង្កើតតាំងពីដំបូង តើឱ្យបងសំងំសុខក្នុងខណៈដែលប្អូនរងទុក្ខម្តេចនឹង កើត! បើប្អូនមិនឱ្យបងជួយដល់ចប់ចុងចប់ដើមនោះទេ ដូចជាផ្តល់ឱ្យបងនូវទំងន់ទុក្ខគ្មានល្ហែដែរ។ បងមិនអាចទូលផែនដីរួចទេ តែចង់ជួយសម្រាលត្រង់ផ្នែកខ្លះ ដែលបងអាចទូលបាន! លោកពុកអ្នកម៉ែបង នៅខេត្តកំពង់ឆ្នាំង គាត់មានសមានចិត្តល្អណាស់ ឯបងនៅភ្នំពេញនេះមានផ្ទះ មានការងារប្រាក់ខែច្រើនបង្គួរ ល្មមអាចផ្គត់ផ្គង់ប្អូនកុំបារម្ភ កុំខ្លាចក្រែងអីណា យើងជាបងប្អូន បង្កើតនឹងគ្នា ”។សំដីខ្ញុំទាំងប៉ុន្មាននេះធ្វើឱ្យ លក្ខណ៍កាន់តែយលច្បាស់ពីទឹកចិត្តខ្ញុំ នាងលុតជង្គង់ចុះអោនក្បាលគោរព ដល់បាតជើងខ្ញុំ៖ “បងប្រុស! ខ្ញុំអរគុណណាស់ វិថីជីវិតដ៏ប្រណិតមួយ បងកសាងឱ្យប្អូនស្រីក្តីសង្ឃឹមនៅជិតបង្កើយ” ។ រួចនាងងើបមុខ សម្លឹង ខ្ញុំញញឹម ស្រស់ស្រាយហាក់បំបាំងទឹកភ្នែកដែលមិនទាន់ស្ងួត និងជំរុះទុក្ខព្រួយទាំងឡាយទាំងពួង ចាប់យកជីវិតថ្មីមួយក្រោមការមើល ថែរបស់ខ្ញុំ ។ (ដកស្រង់ពីកាសែតកោះសន្តិភាព)

ខែមករា 31, 2010 at 6:41 ព្រឹក បញ្ចេញមតិ

រនាំងដួងចិត្ត

យាយាភ្រីត ស្ថិតក្នុងវ័យម្ភៃបា្រពីរឆ្នាំ ជាសេដ្ឋីកំលោះម្នាក់ដែលមានទាំងទ្រព្យ មានទាំងរូបសម្បត្តិស្រស់សង្ហា…ដូចនេះហើយ ទើបនៅជុំវិញខ្លួន មានទាំងអ្នកចូលចិត្ត និងអ្នកមិន ចូលចិត្ត ចូលមកច្របូកច្របល់ក្នុងជីវិតរបស់គេ។ គេជាអ្នកជំនួញដែលតែងទទួលជោគជ័យច្រើនជាបរាជ័យ…ទ្រព្យសម្បត្តិ និងខ្សែជីវិតមាស បានធ្វើឲ គេមានមោទនភាពចំពោះគ្រប់រឿងតែម្តង…ទាំងនេះគឺជាការប្រទានរបស់ទេវតាឲដល់ឆាយាភ្រីត។

ចំពោះរឿងស្នេហាវិញ ភ្រីតមិនដែលយកមកធ្វើជាធំឡើយ គេចាត់ទុករឿងនេះជាការកំសាន្ត ពេល
ស្រឡាញ់ក៏ទាក់ទង ពេលអស់ចិត្តក៏បោះបង់ចោល ដោយគ្មានទុកអ្វីឲនៅសេសសល់ក្នុងបេះដូង សម្រាប់កំលោះរូបនេះធ្វើការពិចារណាឡើយ…។
ភ្រីតយុវជនចូលចិត្តសេរីភាព គេរស់នៅដោយមិនចំណុះគ្រួសារ និងមានផ្ទះដាច់ដោយឡែកពីឪពុក ម្តាយ ព្រោះភ្រីតបានទទួលឥទ្ធិពលនេះតាំងពីនៅបរទេសម៉េ្លះ។
រាត្រីនេះ ឆាយាភ្រីត តែងខ្លួនយ៉ាងសង្ហា ក្នុងបំណងទៅកម្សាន្តតាមក្លឹប ដើម្បីរំសាយអារម្មណ៍ ស្មុគស្មាញពីការងារ។…អ្នកបំរើជំនិតម្នាក់បានមកខ្សឹបប្រាប់នាយថា” ចៅហ្វាយ មានរបស់ថ្មីចែសតែ ម្តង…!”
បានស្តាប់ហើយ ភ្រីតញញឹមស្ទើរមិនរំភើបញាប់ញ័រចំពោះដំណឹងនេះទេ ធ្វើដូចជាក្នុងដើម ទ្រូងគ្មានបេះដូង
ទាល់តែសោះ គេមិនវាចាអ្វីក្រៅពីបញ្ជាទៅថាៈ
-បើកឡានទៅ…!
-បាទចៅហ្វាយ…!
ក្លឹបកម្សាន្តដ៏ធំមួយក្នុងទីក្រុងភ្នំពេញ តែងបើកទទួលអ្នកដែលចង់ស្គាល់រសជាតិនៃការ សប្បាយ និងអ្នកខូចចិត្តដែល ត្រូវមករំសាយអារម្មណ៍នៅទីនេះ…។ អំពូលភ្លើងហ្វាបញ្ចេញពន្លឺឆ្វេកឆ្វាច ហាក់ដូចជាកែវភ្នែក ដែលខំបើកសម្លឹងយ៉ាងមុតស្រួច ដើម្បីស្រូប ទាញយកប្រាក់ពីហោប៉ៅអ្នកដែលចូលមកដល់ទីនេះយ៉ាងស្រេកឃ្លាន។ ភ្រីត ចូលចិត្តជះលុយជាង ចាយលុយ ដើម្បីជាថ្នូរនឹងការសប្បាយបន្តិចបន្តួច ដូចេ្នះហើយទើបមានអ្នកមកតាមយកចិត្តគេមិនចាំ បាច់ហៅច្រើន។ កំលោះអភិជនអង្គុយចុះបណ្តើរកែវភ្នែកផ្តោតទៅលើឆាកបណ្តើរឃើញនារីស្រស់ក្មេងម្នាក់ កំពុងបង្ហើរ សំឡេងយ៉ាងពីរោះ តែទាស់ត្រង់សំឡេងញ័រៗបន្តិច មើលទៅហាក់ដូចជាមិនទាន់ថ្នឹកនឹងការឡើងឆាកនេះទេ…នាយបេងកូន
ចៅជាកូនចៅឃើញចៅហ្វាយសម្លឹងមិនដាក់ភ្នែក ក៏ឱនខ្សឹបតិចៗថាៈ
-នេះហើយរបស់ថ្មី…!ស្អាតទេចៅហ្វាយ…?
ភ្រីត ក្រេបស្រាបៀរបណ្តើរងក់ក្បាលបណ្តើរៈ
-គ្រាន់បើ…!
ឮចៅហ្វាយពេញចិត្ត បេងញញឹមខ្ជឹប ព្រោះលាភសក្ការៈនឹងហូរចូលហោប៉ៅគេមិនខាន ដោយសារតែគេចេះផ្គាប់ផ្គន់ ចៅហ្វាយជាជំនូនសាច់ស្រស់បែបនេះ។
ភ្រីតឲបេង ទៅរកទិញផ្កាមួយបាច់ធំសម្រាប់ជូនដល់ចម្រៀងក្មេងខ្ចី…ពេលចប់ចម្រៀងមួយបទ នាយបេង ក៏យកបាច់ផ្កាមានភ្ជាប់នឹងនាមប័ណ្ណ ព្រមទាំងស្រោមសំបុត្រដែលបង្កប់លុយមួយចំនួន ក្នុងនោះផងទៅជូននារីស្រសល់ក្មេងតាមការបញ្ជារបស់ចៅហ្វាយនាយ…។ ពេលដែលនាយ បេងនិយាយជាមួយអ្នកចម្រៀងស្រី…ភ្រីតឃើញនារីនោះសម្លឹងមកកាន់កន្លែងអង្គុយ ហើយងក់ក្បាល ជាការអរគុណ ភ្រីតក៏ញញឹមសងទៅនាងវិញ ព្រមទាំងលើ់កកែវស្រាបៀរស្វាគមន៍ពីចំងាយ។ ត្រឡប់មករកតុចៅហ្វាយ
បេងក៏និយាយនាំពាក្យថាៈ
-នាងទទួលហើយ…
-ស្រីៗក្នុងក្លឹបគឺសុទ្ធតែបែបនេះ…!
-នោះចៅហ្វាយ…!នាងដើរមកហើយ…
-ឯងឃើញទេ…!ងាយបំផុតប្រីលុយតែបន្តិចបន្តួចសោះ ក៏បានផលភ្លាម…
មកដល់មុខបុរសនាងក៏ឱនសំពះ និងវាចាតិចៗថាៈ
-ខ្ញុំសូមអរគុណលោកខ្លាំងណាស់…
-អង្គុយចុះមក…(ភ្រីតបង្គាប់ឲអង្គុយក្បែរគេ)
-ឲនាងខ្ញុំសូមអភ័យទោស ខ្ញុំមិនអាចអង្គុយទីនេះបានទេ…
-ហេតុអី…?
-ព្រោះខ្ញុំមិនទម្លាប់អង្គុយកំដរភ្ញៀវទេ…!
-ប៉ុន្តែខ្ញុំជាភ្ញៀវពិសេសរបស់ថៅកែនាង…នាងដឹងទេ…?
-ខ្ញុំក៏មានកិច្ចសន្យាជាមួយថៅកែដែរ គឺសុំត្រឹមតែច្រៀងប៉ុណ្ណោះ…! បើលោកមកស្តាប់ចម្រៀង ខ្ញុំអាចច្រៀងជូនលោកមួយបទបាន…! ឲនាងខ្ញុំសុំទោសម្តងទៀត…នាងខ្ញុំសុំអនុញ្ញាតទៅសិនហើយ…!
វាចាចប់នាងក៏បង្វិលខ្លួនទៅរកឆាកវិញ ធ្វើឲភ្រីតនិយាយរអូ៑ពីក្រោយដោយពេបជ្រាយថាៈ
-លេងឬកផង…!
-របស់ថ្មីបែបនេះហើយចៅហ្វាយ…!
-យើងមិនជឿទេ…ស្រីៗតែឈានជើងចូលសៃវៀននេះហើយ គឺដូចតែគ្នាហ្នឹង…
សកម្មភាពអស់ទាំងនេះមិនបានកំបាំងភ្នែកយុវជនម្នាក់ដែលកំពុងកាន់វីយូឡុងនៅឯលើឆាកឡើយ គេតាមដានបុស្បារស្ទើរមិនដាក់ភ្នែក មើលទៅគេ ដូចជាយកចិត្តទុកដាក់ចំពោះនាងខ្លាំងណាស់។
មួយថ្ងៃក្រោយមក នាយបេងបានធ្វើការឲចៅហ្វាយនាយទាន់ចិត្ត…គេបានមករាយការណ៍តាមតែគេ បានដឹងពីព័ត៌មានអ្នកចម្រៀងស្រីវ័យក្មេងៈ
-នាងឈ្មោះ បុស្បា នៅផ្ទះជួលម្តុំសំណង់អាណាធិបតេយ្យ…នាងនៅតែម្នាក់ឯងទេ…
នាងទើបមកច្រៀងទីនេះ ប្រមាណពីរ បីថ្ងៃប៉ុណ្ណោះ…!
-ល្អណាស់…!ឯងណាត់នាងឲយើងនៅល្ងាចថ្ងៃស្អែក…បើនាងត្រូវការប្រាក់ នាងប្រាកដ ជាមកជួបយើង…
-បាទទាន…
នៅក្នុងភោជនីយដ្ឋានមាត់ទន្លេ ភ្រីតអង្គុយនៅតុមួយឆ្ងាយពីគេយ៉ាងស្ងៀមស្ងាត់…យូរៗទើប គេលើកកែវក្របម្តង…។ដូចការរំពឹងទុក បុស្បា បានមកដល់តាមការណាត់ ភ្រីតគិតថា”ប្រាក់ជានុយ ដ៏ស័ក្តសិទ្ធមែន”ៈ
-អង្គុយចុះមក…!(ភ្រីតនិយាយទៅកាន់នាង) នាងញុំាអីដែរ…?
-សុំទឹកក្រូចបានហើយ…!
គេចាក់ទឹកក្រូចហុចទៅនាងក្រមុំ…បុស្បាលើកកែវមកក្រេប រួចវាចាសួរបុរសវិញថាៈ
-លោកចង់ជួបនាងខ្ញុំមានការអ្វីដែរ…?
-ខ្ញុំគ្រាន់ចង់ញុំាបាយជាមួយនាងប៉ុណ្ណោះ…!
-ហេតុអ្វីក៏ជាខ្ញុំ…?
-ព្រោះនាងជានារីដ៏គួរឲចាប់អារម្មណ៍ជាងគេ…
ឭវាចាលែបខាយត្រង់របស់បុរស បុស្បាខាំមាត់តិចៗសម្លឹងភ្រីតដូចជាគិត និងចង់និយាយពីរឿងអ្វី មួយតែបបូរមាត់របស់នាង ដូចជាគាំងនិយាយមិនចេញទាល់តែសោះ…ភ្រីតបញ្ចេញមន្តស្នេហ៍តាម ក្រសែញញឹមទាក់ទាញៈ
ខ្ញុំស្រឡាញ់នាង…
ពាក្យសំដីគ្មានទឹកដមមួយឃ្លារបស់ភ្រីតអម្បាញ់មិញ មិនបានជំរុញបេះដូងនារីឲកម្រើកឡើយ ស្រស់ ស្រី ស្រដីតបវិញដោយអារម្មណ៍ហ្នឹងនថាៈ
នាងខ្ញុំដឹង…ថាលោកកំពុងតែលេងសើចជាមួយនាងខ្ញុំ…
សំដីនាងធ្វើឲភ្រីតភ្ញាក់ផ្អើលក្នុងចិត្ត…បុស្បាពិតជាយល់ដល់បាតបេះដូងទទេស្អាតរបស់គេ ដែលផ្ទុក តែស្នេហ៍បោកប្រាស់…ព្រោះបើជាស្រីផ្សេង ដែលភ្រីតធ្លាប់បានស្គាល់ សុទ្ធតែពេញចិត្តនឹងសំដីនេះ គ្រប់ៗគ្នា…
តើនារីណាម្នាក់ ដែលសុខចិត្តប្រកែកជាមួយបុរសដែលសម្បូរទ្រព្យ ហើយសង្ហាបែបនេះ ទៅកើត?
-ម្តេចក៏ថាពាក្យសំដីខ្ញុំជាការលេងសើច?
-រឿងនេះខ្លួនឯងដឹងច្បាស់ណាស់ មិនបាច់ឲនាងខ្ញុំបកស្រាយទេ…!
-នារីៗដែលបានជួបខ្ញុំហើយ គឺសុទ្ធតែចង់បានពាក្យសំដីនេះគ្រប់ៗគ្នា…ចុះនាងវិញមិនរំភើបខ្លះទេ…?
ឭវាចាបុរស បុស្បា ញញឹមស្តួចស្តើងគ្រវីក្បាលតិចៗ…ឃើញកាយវិការនេះធ្វើឲភ្រីត មិនសប្បាយចិត្តទាល់សោះ ដែលមនុស្សស្រីធម្មតាម្នាក់មកធ្វើឬកក្រអឺតក្រទមចំពោះគេ។ ភ្រីតហៀបនឹងវាចាបន្តអ្នកបម្រើស្រីម្នាក់
បានមករកបុស្បា អ្នកបម្រើរូបនោះឱនខ្សឹបតិចៗដាក់ត្រចៀកនាង…ភ្រីតឃើញប្រែទឹកមុខដូចជាកំពុងទទួលរឿង
រន្ធត់អ្វីមួយ…និយាយចប់ បុស្បាសុំទោសភ្រីត ហើយក៏រត់ចេញទៅ ភ្រីតសែនឆ្ងល់រៀបនឹងងើបតាមនាង ក៏ឃើញនាងឡើងម៉ូតូមួយគ្រឿងចេញបាត់ស្រមោល…។
ស្អែកឡើងម៉ោងប្រមាណជាដប់យប់ គេឃើញភ្រីតទៅបញ្ឈប់ឡាននៅមាត់ផ្លូវម្ខាងក្បែរផ្ទះ
ដែលបុស្បាជួល…គេពិតជាចង់
តាមដាននាងប្រាកដណាស់…
កាយវិការគេនាពេលនេះមិនធ្លាប់មានពីមុនមកសោះ គេមិនដែលចាប់អារម្មណ៍ស្រីណា
រហូតមកតាមដានដូចជា
ពេលនេះទេ…ភ្រីត នឹកគិតកុហកខ្លួនឯងក្នុងចិត្តថា”ខ្ញុំគ្រាន់តែចង់ល្បិចបោក ប្រាស់របស់មនុស្ស ដែលកែ្លងខ្លួនជាអប្សរាក្នុងស្រោមប៉ុណ្ណោះ…” គិតមកដល់ត្រឹមនេះ ភ្រីត សើច ស្ងាត់ តែម្នាក់ឯង…”ដឹងហើយថា
នាងជាស្រីមិនល្អ ចុះយើងម៉េចកយកពេលវេលាមកបំផ្លាញចោល ឥតប្រយាជន៍បែបនេះ នេះយើងគិតឆ្កួតអីហ្នឹង?” ភ្រីតចេះតែនឹកឆ្ងល់ខ្លួនឯង មិនដាច់ស្រេចក្នុងចិត្ត ទាល់តែសោះ។ ឆាយាភ្រីតបម្រុងបត់ឡានត្រឡប់ទៅវិញ ក៏ស្រាប់តែឃើញម៉ូតូមួយគ្រឿងបុរសនារីពីរ នាក់មកឈប់មុខផ្ទះជួល…ហើយពួកគេក៏បណ្តើរគ្នាចូលក្នុងផ្ទះនោះ…។ ភ្រីតពន្លត់ម៉ាស៊ីនអង្គុយសម្លឹងពីក្នុងរថយន្ត…មួយសន្ទុះទើបឃើញគេទាំងពីរនាក់ចេញមកវិញ…កំលោះ ភ្រីត ខំយកដៃញីភ្នែកសម្លឹងទៅជនទាំងពីរ នាយឃើញបុរសនោះស្រវាឱបបុស្បា ហើយក៏ចាប់ ដៃស្រីដាក់ប្រាក់មួយ
ចំនួនដល់នាង។ បានឃើញដូចនេះហើយ ធ្វើឲអារម្មណ៍ឆាយាភ្រីតក្តៅរោលរាល ភ្លាមមួយរំពេច គេរអ៊ូតិចៗម្នាក់ឯងថា”ស្រីម្នាក់នេះពិតជាមិនខុសពីស្រីដែលយើងធ្លាប់ជួបពីមុនមែន ធ្វើឬកដូចជាត្រឹមត្រូវទាមទារការចាប់អារម្មណ៍ប៉ុណ្ណោះបន្តិចទៀត គឺដូចជាពេលនេះអញ្ជឹង…ច្បាស់ជា លុតជង្គង់ចំពោះប្រាក់យើងមិនខាន…” គេគិតហើយខាំធ្មេញក្រឺតៗ ហើយក៏បញ្ជារថយន្តចេញពីទី នោះទាំងចិន្តាមួហ្មង។
ស្អែកឡើង នៅការិយាល័យធ្វើការ…ភ្រីតជួបប្រទះរឿងដូចជាការគិតរបស់របស់គេ ព្រោះបុស្បាបាន ទទួលទូរស័ព្ទមករកគេតែម្តង…មិនដឹងថានាងនិយាយអ្វីពីខ្សែម្ខាងទេ តែគេឮភ្រីតនិយាយទាំងញញឹម ថាៈ
ទុកខ្ញុំជាអ្នកកំណត់កន្លែងជួបចុះ…!
ភ្រីតបានកក់បន្ទប់ VIP ក្នុងសណ្ឋាគារមួយ…បើនាងជាមនុស្សល្អ នាងពិតជាមិនហ៊ានមកទេ…។ ម៉ោងប្រមាណជាប្រាំបីយប់ទៅហើយ នៅមិនឃើញនាងមកទៀត គេចាប់ផ្តើមឆួលច្រមុះតិចៗ…ទោះ គេជាមនុស្សចូលចិត្តការសប្បាយ តែចំពោះរឿងផ្សេងៗវិញ គេគឺជាបុរសហ្មត់ចត់ចំពោះពេលវេលា គេមិនចូលចិត្តរង់ចាំនរណាម្នាក់ទេ តែថ្ងៃនេះ បុស្បា ប្រហែលជាចាប់ផ្តើមមានឥទ្ធិពលលើដួងចិត្តគេ ក៏មិនដឹង បានជាធ្វើឲគេអាចរង់ចាំរហូតដល់រយៈពេលមួយម៉ោង។ ដោយការនឿយហត់ក្នុងការរង់ ចាំនាង ភ្រីត ក៏ទាញអាវធំបម្រុងចេញទៅវិញ ស្រាប់តែសំឡេងគោះទ្វារតិចៗបានលាន់ឡើង…បុរសដើរ ទៅបើកទ្វារក៏
លេចមុខ បុស្បា ដូចជានិម្មិតនរៈ ធ្វើមុខស្មើហើយក៏បង្វិលខ្លួនមកវិញ ឯបុស្បា ក៏ដើរតាមក្រោយគេដែរ។ នាងដើរបណ្តើរងាកឆ្វេងស្តាំបណ្តើររាងញញើតញញើមចំពោះចរិតស្ងៀមស្ងាត់របស់គេ…
ស្រស់ស្រីរេភ្នែករំពៃមើល​ជុំវិញខ្លួននាង…នាងគិតក្នុងចិត្តថា…
(សម្រាប់វគ្គបន្តៗទៀត សូមតាមដាននៅក្នុងទស្សនាវដ្តី ”ចន្ទរះ” ចាប់ពីលេខទី15 តទៅ)

ខែធ្នូ 24, 2009 at 8:07 ព្រឹក បញ្ចេញមតិ


សត្វជាចំណែកមួយរបស់ធម្មជាតិ

ចំណាត់ក្រុម

អត្ថបទ​ផ្សាយ​ថ្មីៗ

 

ខែមិថុនា 2012
ច. អ. ព. ព្រ. សុ. សៅ. អាទិ.
« មករា    
 123
45678910
11121314151617
18192021222324
252627282930  

ចំនួនភ្ញៀវមកលេងផ្ទះ


តាមដាន

Get every new post delivered to your Inbox.