Posts filed under ‘អារម្មណ៍ខ្ញុំ’
សោកស្តាយ និងឈឺចាប់
វាជារឿងគួរអោយសោកស្តាយណាស់មែនទេ នៅពេលណារបស់ដែលយើងស្រឡាញ់បានចាកឆ្ងាយពីយើង។ហើយរឿងបែបនេះបានកើតមានចំពោះខ្ញុំ គឺខ្ញុំបានបាត់ Laptop មួយកាលពី២ថ្ងៃមុននេះដោយសារចោរគាស់ផ្ទះ។ បើទោះជាវាមិនជាមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែវាបានជួយខ្ញុំយ៉ាងច្រើនក្នុងកិច្ចការងារ និងមានភ្ជាប់ជាមួយនឹងមនោសញ្ចេតនាទៀតផង ដែលរហូតដល់ពេលនេះហើយ ខ្ញុំនៅតែនឹកវានៅឡើយ ព្រមទាំងសោកស្តាយយ៉ាងខ្លាំងថែមទៀត។ ដូច្នេះ នេះគឺអាចនិយាយបានថាជាការបាត់បង់របស់ប្រើប្រាស់ ដ៏ធំមួយសម្រាប់ខ្ញុំ ក្នុងដំណើរជីវិតមកដល់វ័យនេះ។ពិតជារាសីមិនល្អមែន មិនបានប៉ុន្មានខែផង ខ្ញុំបានជួបរឿងគួរអោយសោកស្តាយដល់ទៅ២ ដែលលើកទី១ នាចុងឆ្នាំ2009 បានជ្រុះបាត់កាបូបលុយ និងលើកនេះទៀតត្រូវបាត់ Laptop ទៀត។ ការសោកស្តាយកំពុងតែមានស្រាប់ហើយ ប៉ុន្តែបែរជាកើតមានថែមទៀតនូវការឈឺចាប់មួយ ខណៈមិនទទួលបានការអើពើ ពីសមត្ថកិច្ចមូលដ្ឋាន ដែលចាត់ថាអាណាព្យាបាលមួយនោះ បើទោះជាយើងបានដាក់ពាក្យបណ្តឹងហើយក្តី។ លោកៗទាំងនោះ មិនរវីរវល់ចុះទៅអង្កេតស្រាវជ្រាវបន្ថែមអ្វីឡើយ ក្រៅពីអង្គុយតែក្នុងបុ៑យរ៉ូរបស់គេរង់ចាំការផ្តល់ព័ត៌មានអំពីយើង និងបើទោះជាខ្ញុំបាននាំសាក្សីទៅឆ្្លើយបំភ្លឺ ដែលអាចកំណត់ពីអត្តសញ្ញាណជនសង្ស័យបាន៧០ទៅ៨០ភាគរយហើយក៏ដោយ ក៏គេមិនខ្ចីរវល់ដែរ គឺគេថាចាំច្បាស់សិនចាំធ្វើឯកសារបញ្ជូនទៅតុលាការ។ ពុទ្ធោអើយ…!រឿងកំប៉ិកកំប៉ុកបែបនេះ បញ្ជូនទៅតុលាការ…? គេដឹងច្បាស់ហើយថាយើងនឹងមិនបន្តអោយដល់តុលាការនោះទេ ព្រោះដឹងហើយថាទៅតុលាការវាចំណាយអ្វីខ្លះ ទាំងថវិកា និងពេលវេលា ដូច្នេះនេះជាការបញ្ចប់សំណុំរឿងរបស់គាត់ ដោយគ្រាន់តែពោលពាក្យពីរបីម៉ាត់ ដែលស្តែងពីការមិនយកចិត្តទុកដាក់តែប៉ុណ្ណោះ។ សួរថាប្រជាពលរដ្ឋជាកូនជាចៅ ពេលកើតមានបញ្ហាអាងលោកសមត្ថកិច្ច ចុះបើលោកសមត្ថកិច្ចជាម៉ែឪធ្វើបែបនេះ មិនផ្តល់ភាពកក់ក្តៅអោយកូន តើអោយកូនៗសង្ឃឹមអី នេះមិនខុសពីពាក្យថា”មានសំបុកតែរងា” នោះទេ។ កាលពីមុនខ្ញុំធ្លាប់បានឭមិត្តភក្តិម្នាក់តែងនិយាយថា “សោកស្តាយណាស់ដែលកើតជាកូនខ្ែមរ” ឭសំដីនេះភ្លាម ខ្ញុំនឹកខឹងវាភ្លាម ថាជាមនុស្សរមិលគុណ កើតលើដីខ្មែរ មានដូនតាឪពុកម្តាយ ជាខ្មែរ ទទួលការអប់រំជាខ្មែរ ប៉ុន្តែបែរជាពោលពាក្យនេះទៅកើត។ ប៉ុន្តែមកដល់ពេលនេះ ខ្ញុំគិតថាពាក្យសំដីវានេះ ដូចជាត្រូវខ្លះដែរ ព្រោះបើកើតជាជាតិសាសន៍លោកខាងលិច ដូចជាប្រទេសអាមេរិកវិញនោះប្រហែលជាគួរអោយកក់ក្តៅជាង ព្រោះខ្ញុំបានមើលតាមអាទូរទស្សន៍អីគេនោះ ឃើញថា សូម្បីកូនសត្វដ៏តូចមួយជួបគ្រោះអាសន្ន ក៏គេយកចិត្តទុកដាក់ដែរ ។ ដោយឡែកស្រុកខ្ញុំឯណេះវិញ កុំច្រឡំ… បើទោះជានាយករដ្ឋមន្ត្រីធ្លាប់បានប្រាប់អោយពង្រឹងសេវាសាធារណៈ ជាការផ្តល់ជូននូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋក៏ដោយ ក៏គេមិនខ្ចីយកត្រចៀកស្តាប់ និងមិនកែប្រែស្អីដែរ…។
ស៊យទាំងព្រឹក
រឿងស៊យទាំងព្រឹករបស់ខ្ញុំនេះ គឹថា ព្រឹកមិញនេះ ខ្ញុំបានធ្វើដំណើរពីផ្ទះនៅពោចិនតុង ក្នុងបំណងមកធ្វើការដូចសព្វដង។ មកដល់មុខសាលាបាក់ទូកម៉ូតូក៏បែកកង់ ក្រឡេកចុះក្រឡេងឡើង ឃើញកន្លែងប៉ះកង់មួយ ក៏អូសសំដៅទៅទីនោះ។ ក្រោយពីជាងប៉ះកង់គាស់ហើយ ឃើញថាវាបាក់គល់វ៉ាល់ ហើយជាងប៉ះកង់ទាមទារដូរពោះវៀនថ្មី បើតាមពិតគេអាចប៉ះបានក៏ដោយ។ ពេលគាត់យកពោះវៀនមក ខ្ញុំសួរអំពីតម្លៃ គាត់ថា 15000រៀល ហើយពោះវៀននេះ មិនដឹងពោះវៀនអីផង ព្រោះមិនធ្លាប់ជួប មើលទៅដូចមិនទំនងសោះ។ ខ្ញុំថា អីក៏ថ្លៃម៉េ្លះ តែ12000 ឬ13000បានហើយ គាត់ថា បើអីចឹងជិះម៉ូតូឌុបទៅទិញខ្លួនឯងមក គាត់យកតែថ្លៃឈ្នួលទេ។ ខ្ញុំបន្តថា បងជាងឯងអាងតែបែបនេះ អាងតែគ្នាទាល់ទី អាងអី អាងដេញទៅទិញខ្លួនឯង…ខ្ញុំធ្លាប់ដូរតែតម្លៃប៉ុណ្ណឹង បើ15000 ដូចជាថ្លៃពេកហើយ កុំយកចំណេញច្រើនពេកហើយ។ គាត់តបវិញទាំងកំហឹងថា រកស៊ីមិនអោយចំណេញរកធ្វើអី។ ខ្ញុំតបវិញថា ដឹងហើយថារកដើម្បីចំណេញ ប៉ុន្តែកុំហួសហេតុពេក។ ស្រាប់តែគាត់ថា ឥឡូវមិនចាំបាច់ដាក់ទេ ទៅ…ទៅដាក់ឯណាដាក់ទៅ…! ខ្ញុំបន្តទៀតថា បងឯងដូចតែមុនអីចឹងអាងអីអាងដេញ ព្រោះតែគ្នាទាល់ទី ដូចជាពេលនេះអីចឹង តើអោយខ្ញុំលីម៉ូតូទៅផ្ទះរួច? រំពេចនោះបងប្រុសម្នាក់នៅជិតនោះ េឆ្លីយថា ចុះបងឯងនិយាយច្រើនធ្វើអី…! ់ខ្ញុំតបវិញ ខ្ញុំថាចេះតែថាហើយ តែលុយនៅតែអោយតើ…! (ខ្្ញុំរាងបន្ទន់ឥរិយាបទបន្តិចវិញ ព្រោះម៉ូតូគាស់យកពោះវៀនមកក្រៅអស់ហើយ យកទៅណាកើតទៀត ) ក្រោយមកគាត់ក៏ព្រមដាក់អោយវិញ ក្នុងតម្លៃ15000រៀល ព្រោះតែគ្មានជម្រើស ណាមួយប្រញ៉ាប់មកធ្វើការផង ប៉ុន្តែខ្ញុំបានបើកធុងរបស់គាត់យកអាធ្លាប់ដាក់វិញ គឺម៉ាកអាយអរស៊ី ។បងប្អូនអ្នកប៉ះកង់យើងភាគច្រើន គឺបែបនេះ តែងឆ្លៀតយកចំណេញហួសហេតុពីការទាល់ទីរបស់យើង ព្រមទាំងមានល្បិចច្រើន និងប្រើសំដីមិនពិរោះស្តាប់ទៀតផង។ ប៉ុន្តែក៏មិនដឹងថាធ្វើយ៉ាងម៉េចដែរ គ្រាន់តែកុំអោយរឿងស៊យបែបនេះ កើតមានញឹកញាប់ប៉ុណ្ណោះ…។ចុះ បងប្អូនយើងមានធ្លាប់ជួបរឿងបែបនេះដែរទេ?

យោបល់ញាតិមិត្ត