អុតតូ វ៉ុន ប៊ីស្មាក់ អធិការបតីដៃដែក ជាតិព្រុស្យា
នៅពេលអ្នកនិយាយថា អ្នកយល់ស្របអ្វីមួយជាគោលការណ៍ មានន័យថាអ្នកគ្មានចេតនាបន្តិចណាសោះ ក្នុងការអនុវត្តវា។
ប្រភេទលុយ
លុយជា ឱសថដ៏សក្តិសិទ្ធ
លុយជា អ្នកគិតស្រាយបញ្ហា
លុយជា អ្នកផ្តល់នូវប្រាជ្ញា
លុយជា អ្នកតាឥតវិញ្ញាណ។
លុយជា ថ្នាំពិសដ៏សាហាវ
លុយជា ជ័រកាវស្អិតជាប់ប្រាណ
លុយជា គ្រូធ្មប់ដ៏សាមាន្យ
លុយជា ក្តារស្ពានឆ្លងឧបសគ្គ។
លុយជា កាំបិតមានមុខមុត
លុយជា អាវុធឈាមប្រលាក់
លុយជា ឧបករណ៍យកធ្វើធ្នាក់
លុយជា អន្ទាក់ ទាក់ជីវិត។
លុយជា ទឹកឃ្មុំជាតិផ្អែមឆ្ងាញ់
លុយជា សំលាញ់យ៉ាងជិតស្និត
លុយជា តន្រ្តីថ្នាក់ថ្នមចិត្ត
លុយជា ខ្សែរិតរបស់ព្រាន។
លុយជា សត្រូវនឹងអ្នកក្រ
លុយជា អ្នកល្អនឹងអ្នកមាន
លុយជា សន្ទូចស្ទូចអ្នកឃ្លាន
លុយជា ជើងពានទ្រអោយខ្ពស់។
លុយជា ដុំពេជ្រមានតំលៃ
លុយជា អ្នកច្នៃកេរ្តី៏កិត្តិយស
លុយជា អ្នកធ្វើអោយខូចឈ្មោះ
លុយជា អ្នកឈ្លោះចិត្តលោភលន់។
(ឯកឧត្តម ម៉ៅ អាយុទ្ធៈ 1970)
រដ្ឋសភា ជម្រុញឲ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការដកហូតស្លាកលេខយានយន្តរដ្ឋ ខ.ម. និង ន.ប
ប្រភពៈ(http://www.cen.com.kh)
ភ្នំពេញ: សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា រួមនឹងក្រុមសមាជិកសភា៤ រូប ផ្សេងទៀត បានជម្រុញឲ្យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការត្រួតពិនិត្យ និងដកហូត ស្លាកលេខរដ្ឋ, ខេមរភូមិន្ទ ( ខ.ម. ) និងស្លាកលេខ នគរបាល ( ន.ប. ) ចេញពីយានយន្ត ដែលជាកម្មសិទ្ធិរបស់ឯកជន។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានប្រកាសដល់ម្ចាស់យានយន្ត ដែលពាក់ស្លាកលេខ រដ្ឋ, ខ.ម. និង ន.ប. ហើយយានយន្តទំនើបៗទាំងនោះ ដែលជាកម្មសិទ្ធិរបស់បុគ្គលឯកជន ត្រូវតែប្តូរស្លាកលេខទាំងនោះចេញ និងត្រូវធ្វើស្លាកលេខ ស៊ីវិលជំនួសវិញ។ បើមិនដូច្នោះទេ យានយន្តស្លាកលេខ រដ្ឋ, ខ.ម. និង ន.ប. ទាំងនោះ នឹងត្រូវរឹបអូស ទុកជាទ្រព្យសម្បត្តិរបស់អង្គភាព ជាមិនខាន។
ក្នុងលិខិតផ្ញើជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥កុម្ភៈ ឆ្នាំ២០១០ ដោយមានហត្ថលេខារបស់សម្តេចប្រធាន រដ្ឋសភា និងក្រុមតំណាងរាស្ត្រផងនោះ បានលើកឡើងថា យោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចូលជាធរមាន កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០០៧ ជំពូកទី១១ មាត្រា ៩១ បានចែងថា យានយន្ត ជាកម្មសិទ្ធិរបស់ឯកជន ដែលបានពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. ត្រូវធ្វើបែបបទសុំប្តូរពីស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. មកជាស្លាកលេខឯកជន ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេលមួយឆ្នាំ គិតពីថ្ងៃ ដែលច្បាប់នេះ ចូលជាធរមាន។
ក្រុមតំណាងរាស្ត្រ របស់គណបក្សសមរង្ស៊ី ក៏បានលើកឡើងបន្ថែមថា បន្ទាប់ពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចូលជាធរមាន និងដោយការថ្លែងជាសាធារណៈរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ពាក់ព័ន្ធនឹងយានយន្ត ដែលជាកម្មសិទ្ធិឯកជន ពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. នោះ ក្រសួង ដែលពាក់ព័ន្ធ និងប៉ូលីសប៉េអ៊ឹម បានចាត់វិធានការអនុវត្តប្រកបដោយប្រសិទ្ធិភាពមួយ រយៈពេលមកហើយ។ ក៏ប៉ុន្តែនៅពេលថ្មីៗនេះ គេប្រទះឃើញមានយានយន្ត ដែលជាកម្មសិទ្ធិរបស់ឯកជន តែពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. កំពុងធ្វើចរាចរណ៍ ដោយល្មើសនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ។
តំណាងរាស្ត្រ បានកត់សម្គាល់ថា អ្នកប្រើប្រាស់យានយន្តពាក់ស្លាកលេខរដ្ឋ, ខ.ម. និង ន.ប. ទាំងនោះ ភាគច្រើន ជាមន្ត្រីបម្រើ ការងារនៅក្នុងជួរកងកម្លាំងប្រដាក់អាវុធ ហើយមួយចំនួនទៀត ត្រូវបានប្រើប្រាស់ដោយមន្ត្រីរាជការ ជនស៊ីវិល។ ក្នុងនោះក៏មាន យានយន្តមួយចំនួនទៀត ដែលពាក់ស្លាកលេខរដ្ឋ, ន.ប. និង ខ.ម. ត្រូវបានប្រើប្រាស់ដោយជនបរទេស៕
កម្ពុជាទាត់ចោលការទាមទារគ្រប់គ្រងធនធានរ៉ែ២ភាគ៣របស់សៀមនៅតំបន់ត្រួតស៊ីគ្នា
ប្រភពៈវិបសាយ ែខ្មរស្ថាបនា(www.ksn-news.com)
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានទាត់ចោលចំពោះការទាមទារគ្រប់គ្រងធនធានរ៉ែនៅក្នុងតំបន់សមុទ្រ២ភាគ៣ ជាមួយនឹងកម្ពុជាពីព្រោះការទាមទាររបស់ ប្រទេសសៀមពុំបានឈរលើមូលដ្ឋានច្បាស់លាស់នោះទេ ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានមានប្រសាសន៍ថា ការលើកឡើងរបស់ថៃមិនមានសុពលភាព ព្រោះរ៉ែនៅតំបន់ត្រួតស៊ីគ្នា ទោះបីជាថៃចង់ទាមទារច្រើនជាងកម្ពុជាយ៉ាងណាក៏ដោយមិនអាចដំណើរការទៅបានទេ គឺប្រទេសទាំងពីរត្រូវគ្រប់គ្រង៥០ភាគរយម្នាក់ ។
លោក កុយ គួង បានបញ្ជាក់ថា “ការទាមទារនេះអ្នកទាំងអស់គ្នា នឹងយល់ហើយតើអាចទៅរួចទេការដែលត្រួតស៊ីគ្នាមានន័យថា ប្រទេសមានភាពជាកម្មសិទ្ធិ៥០ភាគរយ ដូច្នេះការទាមទារដល់២ភាគ៣នេះ វាជារឿងរំលោភដល់កម្មសិទ្ធិអ្នកដទៃ ហើយដូច្នេះភាគីផ្សេងទៀតក៏គេមិនអាចទទួលយកបានដែរ” ។
លោក កុយ គួង បានលើកឡើងថា មិនមែនតែប្រទេសកម្ពុជាណាដែលជំទាស់ក្នុងការលើកឡើងរបស់ភាគីថៃ ប្រទេសដទៃក៏មិនយល់ស្របតាមការលើកឡើងរបស់ភាគថៃផងដែរ ។
ការច្រានចោលចំពោះការទាមទារបស់សៀមទាមទារគ្រប់គ្រងធនធានរ៉ែ២ភាគ៣ នៅតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-សៀម របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា គឺបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់សៀម The Nation បានចេញផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកានេះ បានស្រង់សម្តីរបស់អគ្គនាយកដ្ឋានធនធានរ៉ែរបស់រដ្ឋាភិបាលសៀមមកចុះផ្សាយថា ធនធានរ៉ែស្ថិតនៅក្រោមបាតសមុទ្រត្រួតស៊ីគ្នាភាគីសៀមត្រូវតែមានចំណែក៣ភាគ៣ ៕
បុរីភ្នំបូកគោស្ថិតក្នុងចំណោមទីក្រុងទាំង៧នៅអាស៊ីដែលគេបោះបង់ចោល
តាមវេបសាយបរទេសបានផ្សាយឲ្យដឹងថា ទីក្រុងស័ក្តិសិទ្ធិឬ ទីក្រុង ខ្មោច ដែលគេបោះបង់ ចោលនៅ អាស៊ីមានចំនួន ៧ ហើយ បុរីភ្នំបូកគោរបស់កម្ពុជាក៏មានឈ្មោះជាទីក្រុង បុរាណដ៏អស្ចារ្យ ដែលត្រូវគេបោះបង់ចោលដែរ ។
សូមពិនិត្យមើលបុរីបូកគោ និង បណ្តាលទីក្រុង បុរាណទាំង នោះដែលមានរូបថត ផ្សាយដោយវេប សាយបរទេសកាលពីពេលថ្មីៗនេះមានដូចខាងក្រោម ។
ការកាន់កាប់អចលនវត្ថុដោយគ្មានប័ណ្ណកម្មសិទ្ធិ
បញ្ហាដីធ្លី នៅតែជារឿងចម្រូងចម្រាស់មួយ នៅប្រទេសកម្ពុជា។ របបកម្មសិទ្ធិចាស់ មុនឆ្នាំ១៩៧៩ ត្រូវបានលុបចោល។ អ្នកដែលកាន់កាប់ដីធ្លី ក្រោយឆ្នាំ១៩៧៩ នៅតែមានច្រើន ដែលកាន់កាប់ដោយគ្មានប័ណ្ណសម្គាល់កម្មសិទ្ធិ។ វិវាទបានកើតឡើងជាញឹកញាប់ ជុំវិញបញ្ហាដីធ្លីនេះ។ ហេតុដូច្នេះហើយបានជា នៅក្នុងនាទីយល់ដឹងអំពីច្បាប់នេះ វិទ្យុយើងនឹងលើកយកបញ្ហាដីធ្លី មកនិយាយមុនគេ ដោយចាប់ផ្តើមដំបូង នៅថ្ងៃព្រហស្បតិ៍នេះ អំពីការកាន់កាប់ដី ដោយមិនមានប័ណ្ណ ដោយមានការឆ្លើយបំភ្លឺពីបណ្ឌិត ហ៊ែល ចំរើន។ អានបន្តពីប្រភព(http://www.rfi.fr/actukm/articles/122/article_4421.asp)
សោកស្តាយ និងឈឺចាប់
វាជារឿងគួរអោយសោកស្តាយណាស់មែនទេ នៅពេលណារបស់ដែលយើងស្រឡាញ់បានចាកឆ្ងាយពីយើង។ហើយរឿងបែបនេះបានកើតមានចំពោះខ្ញុំ គឺខ្ញុំបានបាត់ Laptop មួយកាលពី២ថ្ងៃមុននេះដោយសារចោរគាស់ផ្ទះ។ បើទោះជាវាមិនជាមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែវាបានជួយខ្ញុំយ៉ាងច្រើនក្នុងកិច្ចការងារ និងមានភ្ជាប់ជាមួយនឹងមនោសញ្ចេតនាទៀតផង ដែលរហូតដល់ពេលនេះហើយ ខ្ញុំនៅតែនឹកវានៅឡើយ ព្រមទាំងសោកស្តាយយ៉ាងខ្លាំងថែមទៀត។ ដូច្នេះ នេះគឺអាចនិយាយបានថាជាការបាត់បង់របស់ប្រើប្រាស់ ដ៏ធំមួយសម្រាប់ខ្ញុំ ក្នុងដំណើរជីវិតមកដល់វ័យនេះ។ពិតជារាសីមិនល្អមែន មិនបានប៉ុន្មានខែផង ខ្ញុំបានជួបរឿងគួរអោយសោកស្តាយដល់ទៅ២ ដែលលើកទី១ នាចុងឆ្នាំ2009 បានជ្រុះបាត់កាបូបលុយ និងលើកនេះទៀតត្រូវបាត់ Laptop ទៀត។ ការសោកស្តាយកំពុងតែមានស្រាប់ហើយ ប៉ុន្តែបែរជាកើតមានថែមទៀតនូវការឈឺចាប់មួយ ខណៈមិនទទួលបានការអើពើ ពីសមត្ថកិច្ចមូលដ្ឋាន ដែលចាត់ថាអាណាព្យាបាលមួយនោះ បើទោះជាយើងបានដាក់ពាក្យបណ្តឹងហើយក្តី។ លោកៗទាំងនោះ មិនរវីរវល់ចុះទៅអង្កេតស្រាវជ្រាវបន្ថែមអ្វីឡើយ ក្រៅពីអង្គុយតែក្នុងបុ៑យរ៉ូរបស់គេរង់ចាំការផ្តល់ព័ត៌មានអំពីយើង និងបើទោះជាខ្ញុំបាននាំសាក្សីទៅឆ្្លើយបំភ្លឺ ដែលអាចកំណត់ពីអត្តសញ្ញាណជនសង្ស័យបាន៧០ទៅ៨០ភាគរយហើយក៏ដោយ ក៏គេមិនខ្ចីរវល់ដែរ គឺគេថាចាំច្បាស់សិនចាំធ្វើឯកសារបញ្ជូនទៅតុលាការ។ ពុទ្ធោអើយ…!រឿងកំប៉ិកកំប៉ុកបែបនេះ បញ្ជូនទៅតុលាការ…? គេដឹងច្បាស់ហើយថាយើងនឹងមិនបន្តអោយដល់តុលាការនោះទេ ព្រោះដឹងហើយថាទៅតុលាការវាចំណាយអ្វីខ្លះ ទាំងថវិកា និងពេលវេលា ដូច្នេះនេះជាការបញ្ចប់សំណុំរឿងរបស់គាត់ ដោយគ្រាន់តែពោលពាក្យពីរបីម៉ាត់ ដែលស្តែងពីការមិនយកចិត្តទុកដាក់តែប៉ុណ្ណោះ។ សួរថាប្រជាពលរដ្ឋជាកូនជាចៅ ពេលកើតមានបញ្ហាអាងលោកសមត្ថកិច្ច ចុះបើលោកសមត្ថកិច្ចជាម៉ែឪធ្វើបែបនេះ មិនផ្តល់ភាពកក់ក្តៅអោយកូន តើអោយកូនៗសង្ឃឹមអី នេះមិនខុសពីពាក្យថា”មានសំបុកតែរងា” នោះទេ។ កាលពីមុនខ្ញុំធ្លាប់បានឭមិត្តភក្តិម្នាក់តែងនិយាយថា “សោកស្តាយណាស់ដែលកើតជាកូនខ្ែមរ” ឭសំដីនេះភ្លាម ខ្ញុំនឹកខឹងវាភ្លាម ថាជាមនុស្សរមិលគុណ កើតលើដីខ្មែរ មានដូនតាឪពុកម្តាយ ជាខ្មែរ ទទួលការអប់រំជាខ្មែរ ប៉ុន្តែបែរជាពោលពាក្យនេះទៅកើត។ ប៉ុន្តែមកដល់ពេលនេះ ខ្ញុំគិតថាពាក្យសំដីវានេះ ដូចជាត្រូវខ្លះដែរ ព្រោះបើកើតជាជាតិសាសន៍លោកខាងលិច ដូចជាប្រទេសអាមេរិកវិញនោះប្រហែលជាគួរអោយកក់ក្តៅជាង ព្រោះខ្ញុំបានមើលតាមអាទូរទស្សន៍អីគេនោះ ឃើញថា សូម្បីកូនសត្វដ៏តូចមួយជួបគ្រោះអាសន្ន ក៏គេយកចិត្តទុកដាក់ដែរ ។ ដោយឡែកស្រុកខ្ញុំឯណេះវិញ កុំច្រឡំ… បើទោះជានាយករដ្ឋមន្ត្រីធ្លាប់បានប្រាប់អោយពង្រឹងសេវាសាធារណៈ ជាការផ្តល់ជូននូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋក៏ដោយ ក៏គេមិនខ្ចីយកត្រចៀកស្តាប់ និងមិនកែប្រែស្អីដែរ…។
សម្ដេចតេជោ ៖ ត្រូវតែប្រឆាំងទាហានឈ្លានពានសៀម
នៅតំបន់មុំបីស្រុក ជាំក្សាន្ដ ដែលជាប់ព្រំដែន៣ប្រទេស គឺឡាវ សៀម និងកម្ពុជានោះ កាលពីព្រឹកថ្ងៃទី៧ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលអញ្ជើញពិនិត្យ មើលទីតាំង “សាលារួមចិត្ដ” និងទីតាំងផ្សេងៗទៀត ព្រមទាំងសំណេះសំណាលជាមួយមេបញ្ជាការ នាយទាហាន និងពលទាហានជាច្រើននាក់ ។
សម្ដេចតេជោបានកាន់ផែនទីបង្ហាញដល់នាយទាហាន និងពលទាហានឱ្យដឹងពីទឹកដីកន្លែងណាជារបស់កម្ពុជា និងទឹកដីកន្លែងណាជារបស់សៀម ដោយសម្ដេចសង្កត់ធ្ងន់ថា យើងត្រូវការពារទឹកដីរបស់យើង… យើងចង់បានសន្ដិភាព និងកិច្ចសហប្រតិបត្ដិការ ប៉ុន្ដែបើសៀមនៅតែងងើលចូលឈ្លានពានទឹកដីយើងទៀត យើងត្រូវតែប្រឆាំង និងបណ្ដេញចេញ… យើងមិនចង់ឱ្យមានសង្គ្រាមទេ… ប៉ុន្ដែសូមឱ្យសៀមកុំបង្ខំយើង ។
សម្ដេចតេជោអំពាវនាវឱ្យទាហានកម្ពុជា ធ្វើកិច្ចសហការជាមួយទាហានការពារព្រំដែននៃប្រទេសឡាវឱ្យបានល្អ ដើម្បីប្រឆាំងទាហានសៀមឈ្លានពាន ៕ប្រភពៈ(http://beta.kohsantepheapdaily.com.kh)
ប្រវត្តិសាស្រ្តពិត ដែលសៀមគួរបង្រៀនដល់ពលរដ្ឋរបស់ខ្លួន
តាមប្រវត្តិសាស្ត្រពិត ដកស្រង់ពីឯកសារប្រវត្តិសាស្ត្រកម្ពុជាជាមួយអាណ្ណាម និងសៀមរបស់លោក សូ អឿ នោះ បានលើកថា ជាតិសៀម ឬថៃ រវាង ៨០០ ឆ្នាំមុនគ.ស គឺជនជាតិភាគតិចរបស់ចិនមួយដែលមានអំបូរខ្សែស្រឡាយជាមួយនឹងចិន បានរស់នៅតំបន់យូរណានក្នុងប្រទេសចិន នៅខាងត្បូងឆៀងខាងលិចសព្វថ្ងៃ។ បន្តមកសៀមកើតវិវាទជាមួយចិន ហើយបានចេញពីយូរណាន់ ជ្រៀតចូលមករស់នៅលើទឹកដីខ្មែរប៉ែកខាងជើង ហើយតាំងរាជធានីនៅសុខោទ័យ ដែលជាខេត្តខ្មែរ (១២២០)។ នៅឆ្នាំ១៣៥០ ស្តេចសៀមបានលើករាជធានីពីសុខោទ័យមកតាំងនៅអយុធ្យាខាងជើង បាងកកសព្វថ្ងៃ ក្នុងបំណងឈ្លានពានទឹកដីខ្មែរ ដោយយកអស់ខេត្ត១២ ខេត្តជារបស់ខ្មែរ ក្នុងនោះរូមមានខេត្ត ត្រាត ចន្ទបុរៈ រាក់យ៉ង ជលបុរី ស្ទឹងជ្រៅ នាងរង នគររាជ បុរីរម្យ សុរិន្ទ ខុទណ្ឌ សង្គះ និងស៊ីសាកេត។ ដូច្នេះនេះជាប្រវត្តិសាស្រ្តពិត ដែលលោកចោរសៀមល្មមភ្ញាក់ខ្លួន និងបង្រៀនពលរដ្ឋខ្លួនអំពីអ្វីដែលគេហៅថា“ការពិត” ហើយ កុំអោយពលរដ្្ឋខ្លួនពីមួយតំណរទៅមួយតំណរ នៅតែជាជនរងគ្រោះរបស់ប្រវត្តិសាស្រ្តពិតទៀត ដូចនឹងសំដីអតីតរដ្ឋមន្រ្តីសៀមដែលបច្ចុប្បន្នចូលនិវត្តន៍មួយរូបបាននិយាយដែរថា “រដ្ឋាភិបាលថៃ គួរបពា្ឈប់ការបង្រៀនអំពីប្រវត្តិសាស្រ្តមិនពិត ទៅអោយពលរដ្ឋរបស់ខ្លួន ពិសេសប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងប្រទេសកម្ពុជា…។”
រដ្ឋាភិបាលកម្ពុជា ប្រតិកម្មចំពោះវេបសាយ Google
ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានធ្វើការតវ៉ាទៅកាន់ក្រុមហ៊ុនវេសាយ Google ចំពោះការបង្ហាញផែនទីតាមអ៊ីនថឺណេត ។ ផែនទី ដែលបានដាក់ប្រាសាទព្រះវិហារខ្មែរជិតពាក់កណ្តាល ឲ្យស្ថិតនៅក្នុងប្រទេសថៃ ។
រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យ Google ដកចេញនូវផែនទី ដែលខុសដ៏ធ្ងន់ធ្ងរនេះ ។ រាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ផែនទីរបស់ Google ដែលបានផ្សព្វផ្សាយរួចហើយនេះ ជាផែនទីមិនមានការទទួលស្គាល់ជាអន្តរជាតិទេ ។ រដ្ឋាភិបាលកម្ពុជាក៏ទាមទារឲ្យ Google ដាក់ជំនួសមកវិញ ដោយផែនទីឧបសម្ព័ន្ធ១ ដែលជាផែនទី ទទួលស្គាល់ជាអន្តរជាតិ ។សូមអានបន្តពីប្រភព(http://www.cen.com.kh/localnews/show_detail/19?token=ZWM2NzNkNjEzY2QxYzhlZDFiZTRmNzYzY2JlMTQ0)

យោបល់ញាតិមិត្ត